(ខេត្តព្រះវិហារ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត។
លោក គីម រិទ្ធី គឺជាអតីត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភះឆ្នាំ២០២២ ទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជម្រាបជូន អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ស្តីពីការរៀ
បចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាល ,អភិបាលរង នៃគណៈអភបាលខេត្តព្រះវិហារ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ នៅសាលប្រជុំខេត្តព្រះវិហារ។ លោក គីម រិទ្ធី នឹងត្រូវប្រកាសចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីដឹកនាំរដ្ឋបាលខេត្តព្រះវិហារ បន្តពីលោក ប្រាក់ សុវណ្ណ។
នៅក្នុងពិធីនោះទៀត សម្តេចក្រឡាហោម ស ខេង ក៏នឹងត្រូវប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជាច្រើនរូបទៀត ផងដែរ៕