ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយអង្គភាពអ្នកសារព័ត៌មានជប៉ុន ៖
ទីស្តីការក្រសួងព័ត៌មាន៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្តាញយុុវជនក្នុងវិស័យព័ត៌មាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គភាពសារព័ត៌មានជប៉ុន Japan Advanced Technology Information Center Foundation Organization in Cambodia ហៅកាត់ថា JATIC CAMBODIA ដែលដឹកនាំដោយ Mr.Yuji Nakamura ប្រធានអង្គភាព JATIC CAMBODIA និងសហការី លើព័ត៌មានស្តីពីនីតិវិធីការស្នើសុំបើកអង្គភាពសារព័ត៌មានរបស់ជនបរទេសនៅកម្ពុជា កិច្ចទំនាក់ទំនងសមាគមអ្នកសារព័ត៌មានប្រទេសជប៉ុនជាមួយកម្ពុជា និងកិច្ចចូលរួមផ្សព្វផ្សាយពីសក្តានុពលទាំងទេសចរណ៍ និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណភាគីជប៉ុន ក្នុងគម្រោងចូលរួមលើកតម្លៃសារព័ត៌មាន និងតម្រង់ទិសអ្នកសារព័ត៌មានឱ្យមានសណ្តាប់ធ្នាប់នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីកិច្ចខិតខំរបស់ក្រសួងព័ត៌មានក្នុងការង្រឹង កសាងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា ដែលរហូតបានចងក្រងចេញជាសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ហើយឯកឧត្តមបានប្រគល់ជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈចំនួន១០ក្បាល សៀវភៅកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មានចំនួន០១ក្បាល ជូនទៅភាគីសន្ទនាជប៉ុន ដើម្បីជួយចូលរួមផ្សព្វផ្សាយ និងគាំទ្រ។
កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
រូបថតដោយ៖ គាំ ចាន់ដារ៉ា