ប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះ​ខែ អកអំបុក
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះ​ខែ អកអំបុក

 ប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះ​ខែ អកអំបុក



ពិធីបុណ្យ​ប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយៈពេល ៣​ថ្ងៃ​តែម្តង គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។​ ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។ រឿងចំបាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារដោយក្នុងចម្លាក់នោះឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាលក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំង នាវាចំបាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។



តាមឯកសារមួយទៀតបង្ហាញថា ល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទំលាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ បែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទ ទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាល ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ ៖ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើង សព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចជា ទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសំរាប់កងទ័ព។ របៀបបង្ហាត់ច្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី ៤ទិស «ចតុស្តម្ភ» ដែលនៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សំរាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូរមី ខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់ រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឲ្យទៅប្រលងឫទ្ធី ឯទន្លេពាមកន្ថោក ក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។


​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។ ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។


  ​ក្នុង​ពិធី​នេះ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​នេះ  គឺ​ដើម្បី  សម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។



​ឈានដល់​ថ្ងៃទី​២ គឺ​ថ្ងៃ​១៥ ខែ​ក​ក្តិ​ក នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​។ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យោង​យកកំណើត​ជា​ទន្សាយ ដោយ​គ្រានោះ ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។ បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ​យល់ថា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​ការ​ក្លាយជា​ព្រះពុទ្ធ​)​។ គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​ទន្សាយ​នោះ ហើយក៏​ពោល​ពាក្យ​ឡើង​ថា​៖ «​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ​ជា​តួអង្គ​ព្រះ​ពោធិសត្វ​នៃ​យើង បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖ «​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ប៉ុណ្ណោះ បើ​អ្នក​ចង់បាន ចូរ​អ្នករក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​»​។



​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ​ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាមៗ​តែម្តង​ដោយ​មិន​បង្អង់​យូរ ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ លំដាប់​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ចន្ទ តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។ រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំ​ឲ្យ​អ្នកស្រុក​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដោយសារ​តែមាន​ជំនឿ​បែប​នេះឯង​៕ 


ប្រភព៖ គេហទំព័រទ្រឹស្តីពុទ្ធចក្


Previous Post Next Post