ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ សហការជាមួយ ឯកឧត្តម ស៊ឹម ធី អគ្គនាយករងប្រៃសណីយ៍កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវិរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងសមត្ថកិច្ច គយប្រចាំការនៅប្រៃសណីយ៍ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយ:កញ្ចប់បញ្ញើ នៅចំណុចប៉ុស្តប្រៃសណីយ៍កម្ពុជា(វត្តភ្នំ) និងនៅចំណុច បន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យ ១នាក់ ៖
ឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤
វត្ថុតាងរួមមាន ៖
១-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម)
២-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម) ។
បច្ចុប្បន្នជន ៖ ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត៕