នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យ សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse សកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse
បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺមានគោលបំណង៣ ទី១-គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលមជ្ឈមណ្ឌលនេះ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២-គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេចតេជោចំនួន ៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ និងទី៣-គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោសារជាថ្មីនាឆ្នាំក្រោយ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ និងរីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោ សម្រាប់សិស្សកម្ពុជា ទៅសិក្សានៅប្រទេសថៃ ។ សម្ដេចក៏បានសុំឲ្យឯកឧត្ដម បន្តពិភាក្សាជាមួយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។
ដោយឡែកចំពោះការស្នើសុំជួបសម្ដេចតេជោសារជាថ្មីនៅឆ្នាំក្រោយនោះ សម្តេចតេជោ បានសម្ដែងនូវសេចក្ដីរីករាយ នឹងជួបឯកឧត្តមរាល់ពេល ដែលឯកឧត្តមអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ៕