ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានប្រដេញចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ ក្រោយពីបើកបររថយន្ដក្នុងស្ថានភាពស្រវឹង ហើយព្យាយាមបើកគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុលរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ រងរបួសមនុស្ស៣នាក់។
ករណីនេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុខមុខវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានដាក់គោលត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលនៅចំណុចផ្លូវផ្សារបឹងបៃតង ខណ្ឌសែនសុខ។ ក្រោយមកក៏មានរថយន្ដម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកចូលគោលដៅត្រួតពិនិត្យ ហើយសមត្ថកិច្ចក៏បានហៅឲ្យចូលដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តខាងលើមិនបានចូលតាមការសម្របសម្រួលរបស់សមត្ថកិច្ចនោះទេ បែជាបើកបំបុកប៉ារ៉ាស់របស់សមត្ថកិច្ច និងព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យ រួចបេីករត់ដល់ផ្លូវសហព័ន្ធរុស្ស៊ី ចំណុខមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង និងរបាំងថ្មបាក់ចំនួន៣កង់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស។
ភ្លាមៗ កម្លាំងសមត្ថកិច្ចដែលដេញតាមពីក្រោយបានឃាត់ខ្លួន និងវាយខ្នោះអ្នកបើករថយន្ដដែលគេស្គាល់ថា ជាលោក ម៉ៃ សុគន្ធ អតីតតារាចុំម្រៀង និងសម្ដែង ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង យកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕