សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលឯកឧត្តម បានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមសូមសម្ដែងនូវការគោរពនិងអបអរសាទរ ជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជា ។
ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង ។