ខេត្តព្រៃវែង៖ ក្រោយពីបិទមួយរយៈខ្លី ពេលនេះសង្វៀនជល់មាន់របស់ជនជាតិវៀតណាម ចូលហ៊ុនជាមួយជនជាតិខ្មែរ នៅស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកដំណើរការឡើងវិញហើយ ដោយមានអ្នកញៀនល្បែងស៊ីសង ចូលទៅលេងខាប់ដូចទឹកគ្រឿង ខណៈដែលសមត្ថកិច្ចស្រុកកំពង់ត្របែក មិនទៅបង្រ្កាប សង្ស័យតែចាញ់បារមីម្ចាស់ទីតាំងនោះទេ។
កាលពីថ្ងៃម្សិលមិញ ភ្នាក់ងារអ្នកយកព័ត៌មានយើង បានចុះទៅដល់ទីតាំងល្បែងស៊ីសងនេះផ្ទាល់តែម្តង តាមសេចក្តីរាយការណ៍របស់ពលរដ្ឋប្រាប់។ ពេលទៅដល់ទីតាំង ភ្នាក់ងារយកព័ត៌មានយើង បានឃើញថា នៅសង្វៀនបញ្ជល់មាន់នេះ ពិតជាបានបើកដំណើរលេងឡើងវិញមែន ដោយមានអ្នកញៀនល្បែងស៊ីសងទាំងជនជាតិខ្មែរ និងវៀតណាម បានពពាក់ពពូនគ្នា បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់រាប់សែន រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអើងកង។
សេចក្តីរាយការណ៍របស់ពលរដ្ឋ បានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងនេះ ទើបតែបើកដំណើរការឡើងវិញ៣- ៤ថ្ងៃប៉ុណ្ណោះ ក្រោយពីបិទមួយរយៈខ្លីក្នុងបរិបទឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ តែយ៉ាងណា ពេលចាប់ផ្តើមបើកដំណើរការឡើងវិញ គេឃើញមានក្រុមអ្នកញៀនលែ្បងស៊ីសង បាននាំគ្នាស្ពាយអាគកសំណព្វចិត្តរបស់ខ្លួនស្កាត់ទៅបញ្ជល់គ្នា ភ្នាល់ដាក់ប្រាក់ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអើងកង ខណៈសមត្ថកិច្ចស្រុកកំពង់ត្របែក ដែលមានលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅស្ងាត់ឈឹង មិនឃើញមកបង្រ្កាបសោះ សង្ស័យតែចាញ់បារមីម្ចាស់សង្វៀនបញ្ជល់មាន់នេះទេ ពុំនោះទេ លោកច្បាស់ជាដឹកនាំកូនចៅមកបង្រ្កាប ជាមិនខាន ។
ប្រជាពលរដ្ឋបញ្ជាក់ថា តាំងពីមុនមក និងទើបតែបើកឡើងវិញថ្មីៗនេះ សង្វៀនបញ្ជល់មាន់មានបារមីខ្លាំង នៅស្វាយអាង៉ោង នេះ បានពង្វក់ពលរដ្ឋខ្មែរសម្បើមដៃណាស់ ឲ្យធ្លាក់ក្នុងរណ្តៅអបាយមុខ ដោយម្នាក់ៗចាញ់ប្រាក់មិនតិចលានរៀលទេ ។ ម្យ៉ាងទៀត វាក៏ជាដើមហេតុ បំបែកបំបាក់ជីវិតប្តីប្រពន្ធ អំពើហិង្សាក្នុងគ្រួសារ បទល្មើសចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត។
ជុំវិញនឹងបទល្មើសល្បែងស៊ីសងនេះ នៅមិនទាន់សុំការបញ្ជាក់ពីម្ចាស់ទីតាំងខាងលើ និងលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕