ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរ ដោយលោកស្នងការរង បានបន្តអញ្ជេីញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង និងអធិការដ្ឋាននគរបាលបូរីជលសារ។ មានមតិសំណេះសំណាលនាឱកាសនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រើនរំលឹកណែនាំបន្ថែមដល់លោកអធិការទាំងពីរស្រុក ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើនការចេញល្បាតចល័តជាប្រចាំ និងផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ត្រូវពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមលើសពីនេះទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិកាសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួមឲ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនោះដែរលោកស្នងការ បានប្រគល់ប័ណ្ណសរសេីរ លិខិតសរសើរ ចំណាត់ថ្នាក់ភូមិ ឃុំ មានសុវត្ថិភាព ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃស្រុកទាំងពីរ និងប្រគល់វិញ្ញាបនប័ត្រចំនួន ០៧នាក់(ស្រុកទ្រាំងចំនួន០៣នាក់ ស្រុកបូរីជលសារចំនួន០៤នាក់) ព្រមទាំងបានប្រគល់លិខិតសរសេីរជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន ០៧នាក់(ស្រុកទ្រាំង០៦នាក់ និងស្រុកបូរីជលសារ ០១នាក់) ដែលមានស្នាដៃល្អនាពេលកន្លងមក អមជាមួយនូវថវិកាក្នុងម្នាក់ៗចំនួន ៥០,០០០រៀល(ប្រាំម៉ឺនរៀល) បន្ថែមលើនេះលោកស្នងការបានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ចំនួន ០២លានរៀល) ជូនដល់អធិការដ្ឋាននគរបាលស្រុកទ្រាំង០១លានរៀល និងស្រុកបូរីជលសារ០១លានរៀល។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ(COVID-១៩) អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ (៣កុំ និង៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាល៕