ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីរបស់ខ្លួនយកកាំបិតចុងស្រួច ចាក់ត្រូវផ្លោកនោមបណ្ដាលឲ្យកកឈាមស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាវេលាម៉ោង២០និង៤៦នាទី នៅចំណុចផ្ទះចាំចម្ការម្រេចមួយកន្លែង ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នី សែន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានស្រុកកំណើតរស់នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ចំណែកបុរសជាប្ដីមានឈ្មោះ ឡាយ ហៀង អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិ-ឃុំកើតហេតុ។ តាមចម្លើយសារភាពរបស់ជនដៃដល់ជាប្ដីបានសារភាពថា មុនពេលកើតហេតុខ្លួនបានទៅផឹកស្រានៅផ្ទះឈ្មោះ សួន (អ្នកជិតខាង) បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ ។
ពេលមកដល់ផ្ទះឃើញប្រពន្ធកំពុងដាំបាយក៏បានបបួលផឹកស្រាជាមួយគ្នា ពេលផឹកស្រារួចប្រពន្ធចូលដេកក្នុងមុងមុន។ ជនដៃដល់បានបន្ថែមថា ពេលនោះខ្លួនបានយកកាំបិតចិតបន្លែមកចិតផ្លែត្របែកហូប ហើយក៏បាននិយាយលេងសើចឆ្លងឆ្លើយគ្នាជាមួយប្រពន្ធ បន្ទាប់មកខ្លួនក៏បានយកកាំបិតចិតបន្លែទៅចាក់លលេងក៏ជ្រុលដៃដល់ទីជម្រៅកកឈាមនៅក្នុងខ្លួន បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាព។
តាមកាពិនិត្យរបស់សមត្ថកិច្ច ជនសង្ស័យជាប្តីបានចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម និងបណ្តាលកកឈាមក្នុងពោះស្លាប់បាត់បង់ជីវិត ក្រៅពីនោះពុំមានស្លាកស្នាម ឬរងរបួសនៅកន្លែងផ្សេងទៀតឡើយ។
ជនសង្ស័យជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕